គម្រោងតែងសេចក្ដីភាសាខ្មែរ៖ រូបមន្តជោគជ័យសម្រាប់ការប្រឡង
គម្រោងតែងសេចក្ដីភាសាខ្មែរ៖ រូបមន្តជោគជ័យសម្រាប់ការប្រឡង
ការសរសេរតែងសេចក្ដីដែលមានលំដាប់លំដោយល្អ មិនត្រឹមតែជួយឱ្យអ្នកសរសេរបានរលូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកកែប្រឡងងាយស្រួលយល់ និងផ្តល់ពិន្ទុខ្ពស់ផងដែរ។ ថ្ងៃនេះ ពួកយើងសូមបង្ហាញជូននូវគម្រោងតែងសេចក្ដីសំខាន់ៗចំនួន ៣ ប្រភេទ ដែលអ្នកត្រូវចងចាំឲ្យច្បាស់។
១. គម្រោងតែងសេចក្ដីបែបពន្យល់ (Expository Essay)
ប្រធានបែបនេះតម្រូវឱ្យយើងពន្យល់បកស្រាយមតិរបស់ប្រធានឱ្យបានច្បាស់លាស់ ដោយលើកយកឧទាហរណ៍មកបញ្ជាក់។
ក. សេចក្ដីផ្ដើម
- លំនាំបញ្ហា៖ និយាយពីបញ្ហាទូទៅដែលទាក់ទងនឹងប្រធាន។
- ចូលបញ្ហា៖ លើកយកមតិរបស់ប្រធានមកដាក់ (ដាក់ក្នុងសញ្ញា "...")។
- ចោទបញ្ហា៖ ចោទសួរដើម្បីតម្រង់ទិសបកស្រាយ (ឧទាហរណ៍៖ តើមតិនេះមានអត្ថន័យដូចម្ដេច?)។
ខ. តួសេចក្ដី
- ឃ្លាភ្ជាប់សេចក្ដី៖ ដើម្បីបកស្រាយមតិខាងលើជាបឋមយើងគប្បីយល់ន័យពាក្យគន្លឹះជាមុនសិន។
- ពន្យល់ពាក្យគន្លឹះ៖ បកស្រាយពាក្យពិបាកក្នុងប្រធាន។
- ពន្យល់ន័យប្រធាន៖ ផ្សំអត្ថន័យនៃពាក្យគន្លឹះ ដើម្បីចេញជាន័យរបស់ប្រធាន។
- បកស្រាយធាន៖
- លើកហេតុផលមកអះអាង (ហេតុអ្វីបានជាគេនិយាយបែបនេះ?)។
- លើកឧទាហរណ៍ក្នុងសង្គមជាក់ស្ដែង។
- លើកឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រ។
- លើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ (សំខាន់បំផុត)។
- សរុបសេចក្ដី៖ សង្ខេបអត្ថន័យដែលបានបកស្រាយខាងលើមកវិញខ្លីៗ។
គ. សេចក្ដីបញ្ចប់
- វាយតម្លៃប្រធាន៖ ឆ្លុះបញ្ចាំងថាមតិនោះត្រឹមត្រូវ ឬមានតម្លៃអប់រំកម្រិតណា។
- មតិផ្ទាល់ខ្លួន៖ ក្នុងនាមយើងជាអ្នកសិក្សា/យុវជន តើយើងគួរប្រតិបត្តិតាមដូចម្ដេច?
២. គម្រោងតែងសេចក្ដីបែបពិភាក្សា (Discussion Essay)
ប្រធាននេះតម្រូវឱ្យមានការវែកញែក រកហេតុផល ស្រប ឬ ផ្ទុយ ឬ ទាំងពីរ។
ក. សេចក្ដីផ្ដើម
- លំនាំបញ្ហា៖ លើកឡើងពីបញ្ហាទូទៅ។
- ចូលបញ្ហា៖ លើកមតិប្រធានមកបង្ហាញ។
- ចោទបញ្ហា៖ តើមតិនេះត្រឹមត្រូវដែរឬទេ? (ឬ សមហេតុផលកម្រិតណា?)
ខ. តួសេចក្ដី
- ឃ្លាភ្ជាប់សេចក្ដី និង ពន្យល់ពាក្យ៖ ដូចប្រធានពន្យល់។
- មតិស្រប (ផ្នែកទី១)៖
- ពន្យល់ពីហេតុផលដែលគាំទ្រមតិប្រធាន។
- លើកឧទាហរណ៍បញ្ជាក់ (សង្គម, ប្រវត្តិសាស្ត្រ, អក្សរសិល្ប៍)។
- មតិផ្ទុយ (ផ្នែកទី២)៖
- ប្រើឃ្លាភ្ជាប់៖ "ផ្ទុយទៅវិញ" ឬ "ម្យ៉ាងទៀត"។
- ពន្យល់ពីហេតុផលដែលផ្ទុយ ឬបំពេញបន្ថែមលើមតិប្រធាន។
- លើកឧទាហរណ៍បញ្ជាក់។
- សំយោគមតិ៖ បូកសរុបមតិទាំងពីរបញ្ចូលគ្នា ដើម្បីរកសេចក្ដីពិត (មតិទាំងពីរត្រឹមត្រូវរៀងៗខ្លួន ឬបំពេញឱ្យគ្នា)។
គ. សេចក្ដីបញ្ចប់
- វាយតម្លៃ៖ សន្និដ្ឋានថាមតិទាំងពីរពិតជាត្រឹមត្រូវដែលមិនអាចខ្វះបាន។
- មតិផ្ទាល់ខ្លួន៖ បង្ហាញការប្ដេជ្ញាចិត្ត ឬទស្សនៈផ្ទាល់ខ្លួន។
៣. គម្រោងតែងសេចក្ដីបែបប្រៀបធៀប (Comparative Essay)
ប្រធាននេះតម្រូវឱ្យរកចំណុចដូច និងចំណុចខុសគ្នានៃតួអង្គ ឬព្រឹត្តិការណ៍ពីរ។
ក. សេចក្ដីផ្ដើម
- លំនាំបញ្ហា៖ លើកឡើងពីអក្សរសិល្ប៍ ឬបញ្ហាសង្គម។
- ចូលបញ្ហា៖ បង្ហាញតួអង្គ ឬកម្មវត្ថុដែលត្រូវប្រៀបធៀប។
- ចោទបញ្ហា៖ តើតួអង្គទាំងពីរមានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្ដេចខ្លះ?
ខ. តួសេចក្ដី
- ចំណុចដូចគ្នា៖
- រៀបរាប់ពីអ្វីដែលតួអង្គទាំងពីរមានដូចគ្នា (ឧទាហរណ៍៖ ជាកូនកតញ្ញូ, ជាមនុស្សស្មោះត្រង់...)។
- លើកឧទាហរណ៍ក្នុងរឿងមកសំអាង។
- ចំណុចខុសគ្នា៖
- រៀបរាប់ពីអ្វីដែលតួអង្គទាំងពីរមានដោយឡែកពីគ្នា (ឧទាហរណ៍៖ ម្នាក់ចិត្តល្អ ម្នាក់ចិត្តអាក្រក់...)។
- លើកឧទាហរណ៍ក្នុងរឿងមកសំអាង។
គ. សេចក្ដីបញ្ចប់
- វាយតម្លៃ៖ សន្និដ្ឋានពីលក្ខណៈពិសេសរបស់តួអង្គនីមួយៗ។
- មតិផ្ទាល់ខ្លួន៖ តើយើងគួរយកគំរូតាមតួអង្គមួយណា?
គន្លឹះបន្ថែមពីពួកយើង៖ កុំភ្លេចសរសេរអក្សរឱ្យបានស្អាត កុំប្រើពាក្យកាត់ (ដូចជា "។ល។" នៅក្នុងអត្ថបទតែង) និងត្រូវចេះបែងចែកកថាខណ្ឌឱ្យដាច់ពីគ្នា។ សូមជូនពរឱ្យទទួលបានជោគជ័យក្នុងការសរសេរ!
Written by Baysamnum Team
