Advertisement

💜ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!

តែសេចក្តី ប្រធានៈ ព្រះពុទ្ធសម្តែងថា៖ “បុគ្គលមានការប្រមាទតែងតែវិនាស”។ ចូរបកស្រាយ ដោយលើកយកឧទាហរណ៍មកបញ្ជាក់ឱ្យបានក្បោះក្បាយ។

#តែងសេចក្ដី
                    សេចក្តីអធិប្បាយ

   ពុទ្ធវចនៈ ជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាសាស្ត្រាចារ្យឯកក្នុងលោក ព្រះ អង្គតែងមានប្រក្រតីក្នុងការអប់រំទូន្មាន បង្រៀនពុទ្ធបរិស័ទឱ្យប្រាសចាកការធ្វើអំពើអាក្រក់ សព្វបែបយ៉ាង ងាកមករកការសាងសន្សំបុណ្យកុសលដើម្បីទទួលបានក្តីសុខក្នុងបច្ចុប្បន្ននេះ និអពេលអនាគតទៅខាងមុខ។ មិនតែប៉ុណ្ណោះ ព្រះអង្គតែងតែដាស់តឿនដល់ពុទ្ធបរិស័ទ ឱ្យ មានសតិនិងសម្បជញ្ញៈខ្ជាប់ខ្ជួន កុំឱ្យមានការធ្វេសប្រហែសស្មារតីក្នុងការប្រកបកិច្ចការងារក្តី ការធ្វើសេចក្តីល្អ ដើម្បីចៀសផុតពីសេចក្តីអន្តរាយណាមួយដែលបានកើតឡើងដោយភាពចៃដ ន្យ។ អាស្រ័យហេតុនេះហើយ ទើបមានពុទ្ធោវាទព្រះពុទ្ធសម្តែងថា៖ “បុគ្គលមានការប្រមាទ តែងតែវិនាស"។
   តើព្រះបរមពុទ្ធោវាទខាងលើនេះ មានអត្ថរសយ៉ាងណាខ្លះ?
   ដើម្បីធ្វើជាស្ពានឈានចម្លងទៅរកការបកស្រាយព្រះបរមពុទ្ធោវាទខាងលើនេះ ឱ្យមាន ន័យទូលំទូលាយ និងអស់ន័យសេចក្តីទៅបាន យើងគប្បីសិក្សាស្វែងយល់នូវអត្ថន័យនៃពាក្យ គន្លឹះប្រធានជាមុនសិន។ ពាក្យថា «ប្រមាទ» មានន័យថា ការធ្វេសប្រហែស ការបណ្តែ តបណ្តោយ ការបង្អែបង្អង់មិនបានត្រិះរិះពិចារណាឱ្យបានល្អិតល្អន់។ ចំណែកពាក្យថា «វិនាស» សំដៅលើន័យថា អន្តរាយ ខ្ចាត់ខ្ចាយ សាបសូន្យចាកផលប្រយោជន៍ ឬមានគ្រោះថ្នាក់ខូចខាត ផ្សេងៗ។ ដូច្នេះ តាមអត្ថន័យរបស់ប្រធានខាងលើនេះមានន័យថា កាលបើបុគ្គលម្នាក់ៗមិន បានយកចិត្តទុកដាក់ មានការប្រហែសធ្វេស ពុំមានស្មារតីប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយ នោះទេ វាអាចនាំឱ្យមានការអន្តរាយ សាបសូន្យផលប្រយោជន៍ ឬមានគ្រោះថ្នាក់ដល់ជីវិតក៏ថា បាន។
   ជាការពិតណាស់ ព្រះពុទ្ធសាសនាជាង ២៥០០ ឆ្នាំមកហើយ ដែលព្រះសម្មាសម្ពុទ្ធ បានសម្តែងធម៌ ទស្សនៈ ឬឱវាទ ដើម្បីជាគន្លឹះក្នុងការរស់នៅរបស់មនុស្ស សម្រាប់ឲ្យពួកគេ គិតពិចារណា។ តែបើយើងម្នាក់ៗសេចក្តីមិនប្រមាទទេ នោះគឺការរស់នៅដោយមានស្មារតីជាប់
ជានិច្ច ឬ សេចក្តីព្យាយាមដែលមានសតិជាគ្រឿងជំរុញ និងឃុំគ្រងបានដល់ការដំណើរជីវិត
ដោយមានសតិ ជាគ្រឿងត្រួតត្រាក្នុងការប្រព្រឹត្តប្រតិបត្តិ និងទង្វើគ្រប់បែបយ៉ាងឱ្យប្រយ័ត្ន
ប្រយែងខ្លួនធ្វើយ៉ាងណា មិនព្រមឱ្យធ្លាក់ទៅក្នុងផ្លូវវិនាស តែមិនព្រមឱ្យខូចឱកាសសម្រាប់
អំពើល្អ និងការ ចម្រើន លូតលាស់ជាដាច់ខាត។ ក្នុងចំណោម ទស្សនៈជាច្រើនរបស់ព្រះអង្គ ក៏
មានទស្សនៈមួយដែលទ្រង់សម្តែងអំពីគ្រោះថ្នាក់នៅពេលដែលមនុស្សមានសេចក្តីប្រមាទនៅ
ក្នុងខ្លួន ពោលគឺធ្វេសប្រហែសគ្រប់ពេល។ ការធ្វេសប្រហេស ការប្រមាទ ដែលព្រះពុទ្ធត្រាស់
ថា ជាផ្លូវនៃសេចក្តីស្លាប់។ ព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងដល់មនុស្សទាំងឡាយយ៉ាងនេះ
ថា៖ “សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់”។ អ្នក
ដែលមិនប្រមាទហើយឈ្មោះថាមិនស្លាប់ អ្នកដែលប្រមាទហើយប្រៀបដូចជាបុគ្គលដែលស្លាប់
ទៅហើយ។ សេចក្តីប្រមាទ គឺជាការធ្វេសប្រហែលក្នុងកិច្ចការងារប្រចាំថ្ងៃ តែបើយើងនិយាយ
ទៅដល់អត្ថន័យរាងជ្រៅបន្តិច គឺការប្រមាទទៅលើអកុសលធម៌ដែលវាបានលួចប្លន់សេចក្តីសុខជាកុសលធម៌ពីចិត្តរបស់យើងដូចជាការខឹង ស្អប់ ច្រណែន គុំកួន រវើរវាយចិត្តគំនិតរបស់
យើងបន្តិចម្តងៗជារៀងរាល់ថ្ងៃ ដូច្នេះយើងទើបព្រះពុទ្ធមិនឱ្យយើងមានការប្រមាទនេះក្នុងជីវិត។ ជាក់ស្តែងក្នុងការរស់នៅប្រចាំថ្ងៃ ទ្រព្យសម្បត្តិដែលយើងរកបានមកហើយ បើយើងធ្វេស
ប្រហែល មិនប្រុងប្រយ័ត្ន មិនទុកដាក់ឱ្យមានល្អទ្រព្យសម្បត្តិនោះនឹងវិនាសអន្តរាយ ទើបមាន
ពាក្យចាស់លោកពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់”។ បន្ថែមលើពីនេះ បើយើងបើកបររថ
យន្ត នៅពេលដែលយើងកំពុងបញ្ជាយានយន្ត បើយើងធ្វេសប្រហែលស្មារតីតែបន្តិចនោះ វា
អាចបង្កឱ្យយើងមានគ្រោះថ្នាក់បាន តែបើយើងបើកបរដោយមានស្មារតីប្រុងប្រយ័ត្នឱ្យបាន
ខ្ពស់ យើងក៏អាចគេចផុតពីគ្រោះថ្នាក់ដែលបានកើតឡើងជាយថាហេតុបានផងដែរ។ នៅពេល
ដែលយើងមានកូនចៅតភៅសន្តានក៏ដូចគ្នា បើយើងមានការបណ្តែតបណ្តោយពេក មិនបាន
យកចិត្តទុកដាក់ក្នុងការអប់រំ ទូន្មាន ប្រៀនប្រដៅ ណែនាំឱ្យបានល្អិតល្អន់ទេ វាអាចទៅប្រព្រឹត្ត
រឿងមិនល្អណាមួយដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ហើយសូម្បីតែអនាគតរបស់
កូនចៅយើងក៏មិនអាចមានសង្ឃឹមថាបានល្អប្រសើរផងដែរ។ លើសពីនេះទៅទៀត ការប្រមាទ
ក៏មានប្រភេទរបស់វាផងដែរនោះគឺ ការប្រមាទក្នុងពេលវេលា គឺបណ្តែតបណ្តោយឲ្យពេល
វេលាកន្លងទៅដោយឥតប្រយោជន៍ មិនប្រឹងប្រែងរៀនសូត្រ រកស៊ី រវល់តែមើលទូរទស្សន៍ច្រើន
ពេក ដើរលេងច្រើនពេក។ ការប្រមាទក្នុងវ័យ គឺស្រវឹងក្នុងវ័យកំលោះ ក្រមុំ ដើរលេង សប្បាយ
ហ៊ឺហា មិនគិតដល់សីលធម៌ សុជីវធម៌ ឬរក្សាខ្លួនឱ្យបានល្អទេ បណ្តែតបណ្តោយ ភ្លើតភ្លើនស៊ី
វិល័យទៅតាមសង្គមអូសទាញ។ ការប្រមាទក្នុងការងារ គឺខ្ជិលមិនចង់ធ្វើ ខ្ជិលរៀបចំកន្លែង ដេក ខ្ជិលបោកគក់ខោអាវ ខ្ជិលបោសសំអាត ខ្ជិលធ្វើការងារផ្ទះ រហូតដល់ខ្ជិលរកស៊ី ដើរ ប៉ោឡែ ធ្វើចោរជាដើម។ រីឯការប្រមាទក្នុងការសិក្សា គឺខ្ជិលមើលមេរៀន ខ្ជិលស្តាប់គ្រូពន្យល់ ខ្ជិលសាកសួរ ខ្ជិលកត់ត្រា លទ្ធផលនៃការខ្ជិល គឺ ល្ងង់។ មួយវិញទៀត គឺការប្រមាទក្នុងការ បដិបត្តិធម៌ គឺមានគំនិតថា ធម៌អាថ៌ សីលទាន សម្រាប់តែមនុស្សចាស់ព្រឹទ្ធាចារ្យ ចំណែកលើ ខ្លួនឯងនៅក្មេង កុំអាលទាន់ធ្វើជាដើម។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ទៅទៀតនោះ បើយើង ក្រឡេកទៅមើលស្នាដៃអក្សរសិល្ប៍ខ្មែររឿងទុំទាវស្នាដៃព្រះបទុមត្ថេរ ងួន សោម នោះវិញ នៅ ពេលដែលទុំបានទទួលរាជសារពីព្រះបាទរាមាដើម្បីមកបញ្ឈប់ពិធីមង្គលការនាងទាវ និងម៉ឺង ងួននោះ ទុំបែរជាហៅនាងទាវឱ្យយកសុរាចាក់លើបាតដៃមកឱ្យខ្លួនក្រេបផឹកដើម្បីបញ្ជាក់ពីភ ក្ដីភាពស្ម័គ្រស្មោះរបស់នាងទាវចំពោះខ្លួន រហូតធ្វើឱ្យបាត់បង់ស្មារតីលែងដឹងខុសត្រូវ ភ្លេច យករាជសារមកបង្ហាញអរជូនឱ្យបានដឹង នេះជាការធ្វេសប្រហែសក្នុងកិច្ចការងាររបស់ខ្លួន រហូតដល់បក្សពួកអរជូនបានអូសទុំយកទៅសម្លាប់ចោល នៅក្រោមដើមពោធិ៍ជើងខាលស្លាប់ បាត់ទៅ។ ចំណែកនាងទាវក៏ដូចគ្នា ខ្លួនជាស្រីបែរជាមានការបណ្តែតបណ្តោយខ្លួនប្រាណ រហូតបានជ្រុលជ្រួសរំលងប្រពៃណីជាមួយទុំជាសង្សាររបស់ខ្លួន គឺ“ទុំមុនស្រគាល” ទាំងទុំនិង ទាវ សុទ្ធតែមាននូវសេចក្តីប្រមាទក្នុងវ័យរបស់ខ្លួន។ ចំណែកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើ ផែនដីចាស់លោក សួន សុរិន្ទ វិញ នៅត្រង់វគ្គទីពឹងថ្មី ពេលដែលសមបានចេញពីគុកមកវិញ សម ដើរត្រេកៗតាមវិថីដោយគ្មានគោលដៅច្បាស់លាស់ ខណៈដែលដើរឆ្លងផ្លូវត្រូវឡាន លោករដ្ឋមន្ត្រីវ័យក្មេងបុកគ្រេចជើង លោករដ្ឋមន្ត្រីវ័យក្មេងយកយកសមទៅមន្ទីរពេទ្យ នេះគឺជា ការមិនយកចិត្តទុកដាក់ និងមានការធ្វេសប្រហែលក្នុងការបើកបរក្តី និងការដើរឆ្លងថ្នល់ក្តី ដោយខ្វះការប្រុងប្រយ័ត្ននេះឯង។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងរឿងតេជោយ៉ត របស់អ្នកនិពន្ធ ទី ជីហួត ឯណោះវិញ ស្ដេចសម្រែដែលជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា បាន ដណ្តើមអំណាចគ្រប់គ្រងផែនដី តេជោមាស និងតេជោយ៉ត បានព្យាយាមលើកទ័ពទៅកម្ចាត់ ក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ពេលក្រោយមក ជំទាវស្រែនបានប្រើល្បិច បញ្ឆោតឱ្យស្ដេច សម្រែធ្លាក់ក្នុងអន្លង់ស្នេហារបស់នាង ហើយបានបង្អកស្រារហូតដល់ស្រវឹង ទើបកងទ័ពបក្សពួកតេជោមាស និងតេជោយ៉តចាប់យកទៅថ្វាយព្រះចៅចេស្តាកាត់ទោស តាមច្បាប់ព្រះនគរ។ នេះគឺជាការធ្វេសប្រហែលមួយដែរ ទោះបីជាស្តេចមានអំណាចខ្លាំងក្លា
យ៉ាងណាក៏ដោយ បើមានសេចក្តីប្រមាទក្នុងខ្លួនហើយ មិនអាចគេចផុតពីក្តីវិនាសអន្តរាយបាន ឡើយ។
   សរុបសេចក្តីមកយើងអាចឃើញយ៉ាងប្រចក្សថា កាលបើបុគ្គលម្នាក់ៗមាននូវសេចក្តី ប្រមាទនេះក្នុងជីវិតរស់នៅហើយ ផលនៃសេចក្តីប្រមាទនេះតែងនាំឱ្យយើងធ្លាក់ទៅក្នុងក្តី វិនាសយ៉ាងពិតប្រាកដ ទោះបីមិនបានគ្រោះថ្នាក់ដល់ជីវិត ក៏អាចបណ្តាលឱ្យបាត់បង់ផល ប្រយោជន៍ណាមួយជាក់ជាមិនខាន។
   ឆ្លងតាមការបកស្រាយអធិប្បាយនូវបរមពុទ្ធោវាទខាងលើនេះ យើងវាយតម្លៃបានថា ប្រធានពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ក្នុងការបើកកកាយបង្ហាញឱ្យឃើញនូវផល នៃសេចក្តីប្រមាទនេះ ដើម្បីឱ្យមនុស្សគ្រប់រូបចៀសវាង គេចចេញពីការប្រមាទ អប់រំឱ្យយើង មានសតិស្មារតីឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ដូច្នេះហើយទើបព្រះសម្មាសម្ពុទ្ធ បានត្រាស់ស ម្តែងអប់រំដល់មនុស្សទាំងឡាយយ៉ាងនេះថា៖ “សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់”។ ដូច្នេះ ក្នុងនាមយើងជាពុទ្ធសាសនិកគួរគប្បីមានសតិ បញ្ញាឱ្យបានគ្រប់ពេលវេលា ដើម្បីការពារខ្លួនឯងកុំឱ្យមានគ្រោះថ្នាក់អន្តរាយណាមួយកើត ឡើងមកដល់ខ្លួន និងអ្នកដទៃ ហើយត្រូវប្រកាន់យកនូវសេចក្តីមិនប្រមាទ ព្រោះសេចក្តីមិន ប្រមាទ ជាការមាននូវមនសិការ ក្នុង របស់ដែលគួរធ្វើ និងគួរលះ គួរយកចិត្តទុកដាក់នឹករលឹក ជានិច្ចចំពោះនាទីដែលខ្លួនត្រូវទទួលខុសត្រូវ មិនបណ្តោយ ឬលះបង់ឱកាសឱ្យកន្លងទៅ ដោយទទេៗឡើយ គឺធ្វើការដោយយកចិត្តទុកដាក់ ប្រុងប្រៀប និងចម្រើនជារឿយៗដើម្បីជា ប្រយោជន៍ដល់ការងារ។

ចាប់ធ្វើសំណេរនេះឡើងនៅម៉ោង៧:០០-ម៉ោង៩:៣០នាទីព្រឹក ថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ វត្តឈ្មួញ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២១

អធិប្បាយដោយ
       کیسا
  សឿន ពិសិដ្ឋ
Next Post Previous Post
No Comment
Add Comment
comment url
Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!

Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!


Advertisement
Advertisement

ចុចទីនេះដេីម្បីចូលតេលេក្រាមឆាណែលពួកយេីង!